ភ្នំពេញ ៖ លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ក្នុងយុទ្ធនាការដោះស្រាយ ការកកស្ទះសំណុំរឿង នៅតាមសាលាដំបូង រាជធានី-ខេត្ត គឺត្រូវធ្វើដោយម៉ឺងម៉ាត់ និងអនុវត្តតាមច្បាប់ ហើយជៀសវាង ត្រីងៀត ឆ្លៀតពង ធ្វើដោយតម្លាភាព មិនមានអំពើ ពុករលួយ។

ក្នុងសន្និសីទសារព័ត៌មាន បង្ហាញអំពីគោលបំណង និងវិធានការមួយចំនួននៃយុទ្ធនាការដោះ ស្រាយការកកស្ទះសំណុំរឿងនៅតាមសាលា ដំបូងរាជធានី-ខេត្ត នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ លោក កើត រិទ្ធ បានថ្លែងថា ការដោះស្រាយបញ្ហាកកស្ទះសំណុំរឿង ជាការងារអាទិភាព របស់ក្រសួងយុត្តិធម៌។

លោក មានប្រសាសន៍ថា «អភិក្រម ក្នុងយុទ្ធនាការរបស់យើង គឺ លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ។ ក្នុងយុទ្ធនាការនេះ យើងត្រូវធ្វើដោយម៉ឺងម៉ាត់ និងតាមច្បាប់ទាំងអស់។ យើងក៏ត្រូវជៀសវាង ត្រីងៀត ឆ្លៀតពង គឺធ្វើដោយតម្លាភាព មិនមានអំពើពុករលួយ»។

លោកក៏បានព្រមានដល់  ចៅក្រម ព្រះរាជអាជ្ញា ដែលប្រព្រឹត្តកំហុស ក្នុងយុទ្ធនាការដោះ ស្រាយការកកស្ទះសំណុំរឿងនៅតាមសាលា ដំបូងរាជធានី-ខេត្ត ក៏ត្រូវបានកត់ត្រា ហើយក្រសួងយុត្តិធម៌ ត្រូវដាក់ចេញនូវវិធានការលើចៅក្រម ព្រះរាជអាជ្ញា។

ជាងនេះទៅទៀត រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានអះអាងថា ក្រសួងមានភាពចាំបាច់ ត្រូវតែជួយដោះស្រាយបញ្ហាប្រឈម នៅតាមសាលាដំបូង រាជធានី-ខេត្ត តាមរយៈការដាក់ ចេញនូវយុទ្ធនាការកាត់បន្ថយការកកស្ទះសំណុំរឿង ដែលត្រូវធ្វើជាចាំបាច់ ក្នុងគោលបំណង ចំនួន៣ រួមមាន ៖

ទី១-ការបន្ថយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូង រាជធានី-ខេត្ត ដើម្បីរកយុត្តិធម៌ ឲ្យបានឆាប់ដល់ជនរងគ្រោះ។

ទី២-បង្កើនប្រសិទ្ធភាពស្ថាប័នតុលាការ និងឲ្យដំណើរការឆាប់រហ័សជាងមុន។

និងទី៣-កាត់បន្ថយភាពចង្អៀតណែន នៅតាមពន្ធនាគារផងដែរ៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ